ខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ!
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមប្រកួតរដូវកាលថ្មីនៅថ្ងៃសៅរ៍-អាទិត្យចុងសប្ដាហ៍នេះហើយ ដោយមាន ដោយមាន ១១ក្លិបចូលរួម គឺ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៏, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ, ក្លិបបាល់បាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ, អង្គរថាយហ្គឺរ និង អាយអេសអាយ ដង្កោសែនជ័យ។

ការប្រកួតបើកឆាកសប្ដាហ៍ទី១នេះមាន៥ប្រកួតរួមមាន៖ ភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងវិសាខា ខណៈ ណាហ្គាវើលដ៏ នឹងត្រូវជួប គិរីវង់សុខសែនជ័យ នៅថ្ងៃទី១០ ខែសីហា។ រីឯថ្ងៃទី១១ ខែសីហា ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទុ, ក្រុមចំណូលថ្មី ឡាយហ្វ ខេត្តព្រះសីហនុជួប អាយអេសអាយ ដង្កោសែនជ័យ និង ក្រសួងមហាផ្ទៃ ត្រូវទទួល អង្គរថាយហ្គឺរ។

គួរឱ្យដឹងផងដែរថាប្រព័ន្ធប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគនេះ បែងចែកការប្រកួតជា ២ដំណាក់កាល ដោយ ដំណាក់កាលទី១ ប្រកួតលក្ខណៈលីគ ២ជុំ និងដំណាក់កាលទី២ ប្រកួតលក្ខណៈ ៦ក្រុមកំពូលតារាង ( TOP 6) និង ៥ក្រុមបាតតារាង (Bottom 5) ដោយក្រុមពីលេខ១ ដល់លេខ ៦ ត្រូវធ្វើការប្រកួត ២ជុំបន្ថែម ដើម្បីស្វែង រកក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្លាយជាជើងឯក និង ក្រុមឈរលេខ៧ ដល់លេខ១១ ក៏ត្រូវបន្ដការប្រកួត ២ជុំបន្ថែមទៀត ផងដែរ ៕


