CPL៖ ក្រុមការពារតំណែងជើងឯក រកបាន៣ពិន្ទុ ខណៈដែល ស៊ីដាន់ Assists ៣ដង ក្នុង១ប្រកួត
ការប្រកួតបើកឆាកសប្ដាហ៍ទី១ ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងដីរបស់ខ្លួនដោយយកឈ្នះទៅលើកងយោធពលខេមរភូមិន្ទ ៧ទល់០ ខណៈដែលកីឡាករ ញាណ សុស៊ីដាន់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុម៣គ្រាប់ម្នាក់ឯង (Assists Hat-Trick)។

ចំណែកឯ ភ្នំពេញក្រោន ណាហ្គាវើលដ៍ អាយអេសអាយដង្កោសែនជ័យ និង អង្គរថាយហ្គឺរ សុតតែរកបាន៣ពិន្ទុដូចគ្នា ដោយ ភ្នំពេញក្រោនយកឈ្នះ ៤ទល់២ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន, ណាហ្គាវើលដ៍ យកឈ្នះ ២ទល់០ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ, ព្រះខ័នរាជស្វាយរៀង យកឈ្នះ ៧ទល់០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្វាយរៀង, ម្ចាស់ផ្ទះ ឡាយហ្វ ខេត្តព្រះសីហនុបានចាញ់ ០ទល់១ អាយអេសអាយដង្កោសែនជ័យ នៅកីឡដ្ឋានឡាយហ្វ និងគូចុងក្រោយ ក្រសួងមហាផ្ទៃបានចាញ់ ០ទល់១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន អេអាយអេ, ខេអឹមអេចផាក។

គួរឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ មានក្លិបជាសមាជិកចំនួន១១ ចុះបញ្ជីកីឡាករចូលរួមសរុបចំនួន ៣១៥នាក់ ចាប់ផ្តើមដំណើរការផ្លូវការពីថ្ងៃទី១០ ខែសីហា ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

