កម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលក្រុមភ្ញៀវ ទីម័រ នាល្ងាចនេះ

Admin
17 Dec 2024 10:21
542

ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលទីម័រខាងកើត ល្ងាចនេះ វេលាម៉ោង ០៥:៤៥នាទី នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបទី៣ វគ្គសន្សំពិន្ទុពូល A នៃព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup 2024។

ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោកគ្រូ Koji Kyotoku បាននិយាយថា៖«ទុកពេលឲ្យកីឡាករផ្ដោតអារម្មណ៍ លើការហ្វឹកហាត់ និងមិនចង់ឲ្យកីឡាករមានសម្ពាធកាន់តែខ្លាំង បន្ទាប់ពីប្រកួតចាញ់សិង្ហបុរី ហើយលោកគ្រូក៏បានបន្ដទៀតថា​ ២ប្រកួតកន្លងមក សម្រាប់លទ្ធផលគឺមិនអាក្រក់ពេកទេ និងការប្រកួតថ្ងៃនេះពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថិភាពដើម្បីទទួលបានជ័យជម្នះ។»

រីឯគ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត Simon Elisettche បានលើកឡើងថា ក្រុមខ្លួនធ្វើមិនបានល្អឡើយក្នុងព្រឹត្តិការណ៍នេះ ដោយសារតែក្រុមត្រៀមខ្លួនមិនបានល្អ ជាពិសេសការប្រកួតដំបូងក្នុងពូល A ចាញ់ថៃ លទ្ធផល ១០ទល់ល់០ ហើយការចាញ់ដ៏លើសលប់នេះ លោក Simon បានបញ្ជាក់ថាបញ្ហានោះ គឺដោយសារមិនមានទីលានហ្វឹកហាត់ត្រឹមត្រូវ មិនមានពេលវេលាគ្រប់គ្រាន់ និងបញ្ហារបួសកីឡាករសំខាន់ៗ។ ប៉ុន្តែសម្រាប់ជំនួបចុងក្រោយនេះ ពួកយើងប្រឹងប្រែងឱ្យបានលទ្ធផលល្អ យក៣ពិន្ទុ ពីកម្ពុជា ជូនអ្នកគាំទ្រ ។

មុនជួបគ្នាល្ងាចនេះមកដឹងប្រវត្តិជួបគ្នាខ្លះៗរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹង ជម្រើសជាតិទីម័រ ក្រុមទាំង២ធ្លាប់ជួបគ្នាចំនួន៦ដង ក្នុងនោះម្ចាស់ផ្ទះគោព្រៃកម្ពុជា ឈ្នះ ៤ដង ស្មើរ១ និងចាញ់១ដង ដែលការចាញ់នោះជាប្រវត្តិសាស្រ្តដែលគោព្រៃកម្ពុជាធ្លាប់ចាញ់ទីម័រខាងកើតតែម្តងគត់ដោយលទ្ធផល ១ទល់៥។

ចំណែកឯកីឡាករវិញ ក្រុមកម្ពុជាមានកីឡាកររបួស២នាក់ផងដែរដូចជា កាន់ ម៉ូ និង គីម សុខយុទ្ធ បានរងរបួសធ្ងន់ ក្នុងការប្រកួតជាមួយសិង្ហបុរី ហើយកីឡាករទាំង២នេះ នឹងអវត្តមានក្នុងជំនួបជាមួយទីម័រខាងកើត តែយ៉ាងណាកីឡាករខ្សែការពារព្រះខ័នរាជស្វារៀង បានលើកឡើងថាការអវត្តមានកីឡាករសំខាន់ទាំង២នេះ មិនបង្កើតជាបញ្ហាធំដល់ក្រុមកម្ពុជាឡើយ គឺដោយសារតែមានសមាសភាពកីឡាករអាចជំនួយតំណែងអ្នកទាំង២បាន ខណៈដែលកីឡាករខ្សែប្រយុទ្ធរបស់អង្គរថាយហ្គឺរ Joao Pedro កីឡាករឆ្នើមរបស់ទីម័រខាងកើត ក៏មានជំនឿចិត្ត និង សង្ឃឹមថាការប្រកួតចុងក្រោយនេះ យើងនឹងបញ្ចប់ទៅដោយទទួលបាន ៣ពិន្ទុ ពីកម្ពុជា។

សូមរង់ចាំមើលថា តើម្ចាស់ផ្ទះកម្ពុជា ឬ ក្រុមភ្ញៀវទីម័រខាងកើត ជាអ្នកទទួលបានជ័យជម្នះនៅយប់នេះ?

គួរបញ្ជាក់ផងដែរថា កម្ពុជា នៅមានសង្ឃឹមតិចតួចក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវឈ្នះដាច់ខាតជាមួយទីម័រខាងកើត មុនពេលគោព្រៃកម្ពុជា ត្រូវបន្ដទៅជួបដំរីសឹកថៃ សម្រាប់ជំនួបចុងក្រោយពូល A នៅថ្ងៃទី២០ ខែធ្នូ នៅកីឡដ្ឋាន Rajam­angala ទីក្រុងបាងកក ខណៈ ទីម័រខាងកើត សល់ត្រឹមប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ក្រោយចាញ់៣ប្រកួតជាប់គ្នា ៕