ណាហ្គាវើលដ៏ បើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្វាគមន៍ព្រះខ័នរាជ ស្អែកនេះ
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានឈានដល់សប្ដាហ៍ទី១៦ នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៤ ខាងមុននេះហើយ ដែលជាការប្រកួតរវាងនាគមាសណាហ្គាវើលដ៏ ជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន ខេត្តកំពង់ស្ពឺ។

ក្នុងនោះការប្រកួតរវាង ណាហ្គាវើលដ៏ និង ព្រះខ័នរាជស្វាយរៀង ជាគូរធំប្រចាំសប្ដាហ៍ទី១៦ផងដែរ ដោយការប្រកួតចុងក្រោយរបស់ក្រុមទាំង២ ម្ចាស់ផ្ទះណាហ្គាវើលដ៏ធ្វើមិនបានល្អសោះដោយភ្លាត់ចាញ់បឹងកេតដោយលទ្ធផល ៥ទល់១ នៅក្នុងដីខ្លួនឯង ខណៈដែលព្រះខ័នរាជស្វាយរៀង សងសឹកលើវិសាខាបានសម្រេច ដោយបានយកឈ្នះ ១ទល់០ នៅក្នុងទឹកដីខេត្តស្វាយរៀង។

ចំណែក៥ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៏ ៥ប្រកួត ឈ្នះតែ១ម្ដងប៉ុណ្ណោះ លើព្រះខ័នរាជស្វាយរៀង ស្របពេលដែល៤ប្រកួតផ្សេងទៀតគឺព្រះខ័នរាជស្វាយរៀងជាអ្នកឈ្នះ។
រង់ចាំមើលថាណាហ្គាវើលដ៏ អាចរកជ័យជម្នះលើកដំបូងរបស់ខ្លួនបានដែរ ឬ ទេ នៅក្នុងឆ្នាំថ្មី២០២៥នេះ ?
ក្រៅពីគូធំប្រចាំសប្ដាហ៍មួយគូនេះ យើងក៏មានគូសំខាន់ផ្សេងៗទៀតដែររួមមាន៖
ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥
ឡាយហ្វខេត្តព្រះសីហនុ ទទួល បឹងកេត វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានឡាយហ្វ , អង្គរថាយហ្គឺរ ទទួល គីរីវង់សុខសែនជ័យ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន AIA Stadium, KMH Park និងកងយោធពលខេមរភូមិន្ទ ទទួល អាយអេសអាយដង្កោសែនជ័យ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានស្ដាតចាស់ ចំណែកឯ
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥ មានតែ១គូប៉ុណ្ណោះគឺ សេះមាស វិសាខា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រសួងមហាផ្ទៃ វេលាម៉ោង ៦:00 ល្ងាច ។

សូមជម្រាបឱ្យដឹងផងដែរថា ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានចាប់ចាប់ផ្ដើមបើកប្រព័ន្ធ ផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិលើកទី២ រួចរាល់ហើយកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដែលបញ្ចប់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ៕


