ព្រះខ័នរាជស្វាយរៀង និង វិសាខា បង្កើនការត្រៀមខ្លួន ខណៈជំនួបដណ្តើមពានគ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ កាន់តែខិតជិតមកដល់

Admin
10 Aug 2026 03:14
133

ការប្រកួតដណ្តើមពានបើករដូវកាល គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៦ កំពុងខិតជិតមកដល់ដោយក្រុមខ្លាំងពីររបស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង វិសាខា នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ខាងមុខនេះ។

 

មុនឈានដល់ការប្រកួតដ៏សំខាន់នេះ ក្រុមទាំងពីរបានជ្រើសរើសយុទ្ធសាស្ត្ររៀបចំ Pre-Season ខុសគ្នា ប៉ុន្តែសុទ្ធតែមានគោលដៅដូចគ្នា គឺ ពង្រឹងកម្លាំងក្រុម សម្របខ្លួនកីឡាករថ្មី និងត្រៀមប្រព័ន្ធលេងឱ្យបានល្អបំផុត។

ព្រះខ័នរាជស្វាយរៀងបានរៀបចំ Pre-Season Cup 2026 ដោយអញ្ជើញក្រុមមកពីក្រៅប្រទេសមកចូលរួម ដើម្បីផ្តល់ឱកាសឱ្យក្រុមធ្វើតេស្តសមត្ថភាពតទល់នឹងគូប្រកួតអន្តរជាតិ។ក្នុងចំណោមក្រុមចូលរួមមាន Geylang International FC មកពីលីគកំពូលសិង្ហបុរី និង Eastern District FC ពីលីគកំពូលហុងកុង។ ការប្រកួតនេះត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ នេះអាចចាត់ទុកជាការត្រៀមខ្លួនដ៏មានល្អមួយសម្រាប់ព្រះខ័នរាជស្វាយរៀង ព្រោះការប្រកួតជាមួយក្រុមបរទេសអាចជួយឱ្យគ្រូបង្វឹកអាចសាកល្បងទម្រង់លេង ការរៀបចំតំបន់ការពារ ការប្រយុទ្ធ និងសមត្ថភាពកីឡាករថ្មីៗ មុនជំនួបជាមួយវិសាខា។

ចំណែកវិសាខា បានជ្រើសរើសវិធីសាស្ត្រផ្សេង ដោយនាំក្រុមទៅ បោះជំរុំហ្វឹកហាត់នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្តោតលើការកសាងកាយសម្បទា ការសម្របសម្រួលរវាងកីឡាករ និងការរៀបចំប្រព័ន្ធលេងសម្រាប់រដូវកាលថ្មី។ ការទៅហ្វឹកហាត់ក្រៅប្រទេសក៏ជាឱកាសមួយសម្រាប់វិសាខា ក្នុងការផ្តោតលើក្រុមទាំងមូល ដោយមិនត្រឹមតែពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ចិត្តគ្នារវាងកីឡាករ និងក្រុមការងារផងដែរ។

 

ជាមួយការត្រៀមខ្លួនតាមរបៀបខុសគ្នា គូប្រជែងទាំងពីរនឹងមានអ្វីដែលត្រូវបង្ហាញនៅលើទីលាន។ ព្រះខ័នរាជស្វាយរៀងមានការប្រកួតអន្តរជាតិជាច្រើនសម្រាប់សាកល្បងកម្រិតក្រុម ខណៈវិសាខាមានការប្រមូលផ្តុំកម្លាំង និងបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស។

 

តើការត្រៀមខ្លួនបែបណានឹងផ្តល់ផលល្អច្រើនជាង? តើព្រះខ័នរាជស្វាយរៀងនឹងការពារភាពខ្លាំងរបស់ខ្លួនបាន ឬវិសាខានឹងបង្ហាញភាពខ្លាំងរបស់ខ្លួន?

ចម្លើយនឹងត្រូវបានបង្ហាញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបដណ្តើមពាន គ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ។

Admin
10 Aug 2026 03:14
133