ខេមបូឌានព្រីមៀរលីគ វិលត្រឡប់មកវិញចុងសប្តាហ៍នេះ ក្រោយសម្រាក FIFA Day !
បន្ទាប់ពីសម្រាកមួយរយៈសម្រាប់ការប្រកួតអន្តរជាតិ FIFA Day ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ សប្តាហ៍ទី ៨ នឹងវិលត្រឡប់មកវិញជាថ្មីនៅចុងសប្តាហ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ការវិលត្រឡប់នេះត្រូវបានរំពឹងថានឹងនាំមកនូវការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ខណៈក្រុមនីមួយៗត្រូវការពិន្ទុជាចាំបាច់ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅលើតារាងចំណាត់ថ្នាក់។
បច្ចុប្បន្នក្រុមវិសាខា កំពុងឈរនៅកំពូលតារាងដោយមាន ១៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន៧លើក ខណៈ ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើលដ៍ កំពុងប្រដេញគ្នាយ៉ាងប្រកៀកប្រកិតនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ដោយមាន ១៤ពិន្ទុដូចគ្នា។
ចំណែក អង្គរថាយហ្គឺរ ឈរនៅលេខ៤ មាន១១ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា ឈរនៅលេខ៥ មាន១០ពិន្ទុ ដែលធ្វើឱ្យការប្រជែងនៅតំបន់កំពូលតារាងកាន់តែមានភាពស្វិតស្វាញ។

ក្នុងចំណោមការប្រកួតទាំង៥គូ មានការប្រកួតគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសជំនួបរវាង ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ ដែលនឹងធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង ៦:០០ នាទីល្ងាច នៅកីឡដ្ឋានស្វាយរៀង។ នេះជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរក្នុងការប្រជែងពិន្ទុ និងពង្រឹងទីតាំងនៅតំបន់កំពូលតារាង។
ដោយឡែក ភ្នំពេញក្រោន ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៩ មាន៦ពិន្ទុ នឹងត្រូវទទួលស្វាគមន៍ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានភ្នំពេញក្រោន នាថ្ងៃទី២១ ខែវិច្ឆិកា។ នេះជាឱកាសសំខាន់សម្រាប់សក្រុមជើងឯកមួយនេះក្នុងការស្វែងរកជ័យជម្នះ និងចាប់ផ្តើមការប្រកួតប្រជែងឡើងវិញ។

កាលវិភាគការប្រកួតសប្តាហ៍ទី៨
ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦
ណាហ្គាវើលដ៍ vs អាយអេសអាយ ដង្កោសែនជ័យ | ម៉ោង ៦:០០ ល្ងាច | កីឡដ្ឋានកំពង់ស្ពឺ
បឹងកេត vs ឡាយហ្វ ខេត្តព្រះសីហនុ | ម៉ោង ៦:០០ ល្ងាច | ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
ភ្នំពេញក្រោន vs គិរីវង់សុខសែនជ័យ | ម៉ោង ៦:០០ ល្ងាច | កីឡដ្ឋានភ្នំពេញក្រោន
ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦
ព្រះខ័នរាជស្វាយរៀង vs អង្គរថាយហ្គឺរ | ម៉ោង ៦:០០ ល្ងាច | កីឡដ្ឋានស្វាយរៀង
កងយោធពលខេមរភូមិន្ទ vs អឹមអូអាយ កំពង់ដេវ៉ា | ម៉ោង ៦:០០ ល្ងាច | កីឡដ្ឋាន ខ.ភ.ម

តើក្រុមណាខ្លះនឹងចាប់ផ្តើមការប្រកួតក្រោយសម្រាក FIFA Day ដោយជ័យជម្នះ? ហើយតើ វិសាខា អាចបន្តរក្សាតំណែងកំពូលតារាងបានដែរឬទេ?


