ភ្នំពេញក្រោន បើកទ្វារទទួល Shan United នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)
ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងត្រូវបន្តដំណើរ AFC CUP (Group Stage) របស់ខ្លួន ក្នុងជំនួបទី២ដោយត្រូវបើកទ្វារកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលក្លិបមកពីមីយ៉ាន់ម៉ា Shan United FC ក្នុងដីវិញម្តងនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរដឹងដែរថា ក្លិបបាល់ទាត់ភ្នំពេញក្រោនទទួលបាន៣ពិន្ទុ ក្នុងជំនួបដំបូងនៃការប្រកួតពានរង្វាន់ AFC CUP 2023/24 វគ្គសន្សំពិន្ទុក្នុងពូលដោយបានយកឈ្នះក្រុមខ្លាំងរបស់ហ្វីលីពីន Dynamic Herb Cebu ដោយលទ្ធផល ៣ ទល់នឹង ០ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ចំណែកឯក្លិប Shan United FC វិញបានបរាជ័យក្នុងដីខ្លួនឯង ០ទល់៣ ក្នុងជំនួបជាមួយក្រុមខ្លាំងរបស់អូស្ដ្រាលី Macarthur FC ។

ចំពោះមូលហេតុដែល ក្លិបភ្នំពេញក្រោនត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ ជំនួសឱ្យកីឡដ្ឋាន Smart RSN ដែលជាកីឡដ្ឋានផ្ទាល់ខ្លួនរបស់សិង្ហក្រហម គឺដោយសារតែក្លិបកំពុងតែរៀបចំបំពាក់កៅអីសម្រាប់ទស្សនិកជននៅ ៣ តំបន់ផ្សេងទៀត និងកែលំអ ហេដ្ឋារចនាសម្ព័ន្ធជុំវិញកីឡដ្ឋានមួយចំនួន បង្គ្រប់លក្ខខ័ណ្ឌរបស់ AFC ព្រោះបើមិនមានកៅអីត្រឹមត្រូវទេនោះ AFC និងមិនអនុញ្ញាតិឱ្យធ្វើជាម្ខាស់ផ្ទះ និងមិនឱ្យទស្សនិកជនចូលទស្សនាឡើយ តែយ៉ាងណាមិញ ការប្រើប្រាស់កីឡដ្ឋាននេះជាអចិន្ត្រៃយ៍ ឫ តែ ១ ប្រកួតនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ដោយត្រូវរង់ចាំការចុះមកត្រួតពិនិត្យពី AFC ជាថ្មីម្ដងទៀត ។

គួរឱ្យដឹងដែរថា ភ្នំពេញក្រោន ក្នុងពាន AFC CUP រដូវកាលនេះ មិនទាន់ភ្លក់រស់ជាតិចាញ់នៅឡើយទេ ដោយ៣ ប្រកួតកន្លងមកនេះ បានបំបាក់ក្រុមមកពីឡាវ (Young Elephant FC) សិង្ហបូរី (Tampine Rovers FC) និង ហ្វីលីពីន (Dynamic Herb Cebu FC) ។ ខណៈដែលក្នុងវគ្គចែកពូល Phnom Penh Crown FC ស្ថិតនៅក្នុងពូល F កំពុងឈរ លេខ២ មាន៣ពិន្ទុ និង Shan United FC ឈរបាតតារាងមាន ០ពិន្ទុ៕

សូមចូលរួមគាំទ្រក្លិបបាល់ទាត់លីគកម្ពុជាយើង ទាំងអស់គ្នានៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣។
រូបភាព៖ ភ្នំពេញក្រោន

