SHAN UNITED លើកពាន៣ឆ្នាំជាប់គ្នា និង មិនចាញ់សោះ៣៤ប្រកួតនៅក្នុងលីគ
SHAN UNITED នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣៥ នាទីល្ងាច ដើម្បីធ្វើការប្រកួតជាមួយក្លិប ភ្នំពេញក្រោន របស់កម្ពុជាក្នុងពានរង្វាន់ AFC CUP 2023/24 (Group Stage) នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះនាកីឡដ្ឋានបណ្តោះអាសន្នរបស់ខ្លួន ពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្ងៃនេះក្រុមការងារខេមបូឌានព្រីមៀរលីគមកណែនាំឱ្យស្គាល់ក្លិប SHAN UNITED នេះវិញម្ដង យើងបក្រឡែកទៅមើលលទ្ធផលប្រកួតក្នងស្រុក ក្លិប SHAN UNITED បានរក្សាកំណត់ត្រាមិនដែលចាញ់ទាល់តែសោះក្នុងការប្រកួតលីគរបស់ខ្លួន ៣ ឆ្នាំជាប់គ្នាមកហើយ ពោលគឺតាំងតែពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ មក ឆ្លងកាត់ ៣៤ ប្រកួត គឺមិនដែលចាញ់ទាល់តែសោះ ។ មិនតែប៉ុណ្ណោះ SHAN UNITED បានគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា ៣ ឆ្នាំជាប់គ្នាមិនដែលដាច់តាំងពីឆ្នាំ ២០១៩ ២០២០ និង ២០២២ ហើយក៏កំពុងតែក្តោបតំណែងកំពូលតារាង នាឆ្នាំនេះផងដែរ ចំណែកឯលទ្ធផលប្រកួតទី ១ AFC CUP ដែលចាញ់ក្លិបមកពីអូស្ត្រាលី MACATHUR UNITED នៃលីគកំពូលអូស្ត្រាលី គឺហាក់ដូចជាធម្មតាៗតែប៉ុណ្ណោះ ។

បើនិយាយចំពោះ ភ្នំពេញក្រោនវិញ ទោះបីជាកំពុងធ្វើបានល្អនៅក្នុងលីគ និង ឈ្នះប្រកួតទី១ជាមួយ Cebu ៣ទល់០ ពិតមែន តែមិនអាចមើលស្រាលទៅលើក្រុមមួយនេះបាននៅឡើយទេ ព្រោះការចាញ់ ប្រកួតទី ១របស់ក្លិប SHAN UNITED មកពី អូស្ត្រាលី MACATHUR វិញ គឺកម្រិតលីគអូស្ត្រាលីពិតជាខ្ពស់ខ្លាំងមែនទែន ណាមួយ SHAN UNITED របូត ២ គ្រាប់ចុងក្រោយគឺដោយសារតែការឡើងទៅរកគ្រាប់បាល់នាចុងម៉ោង ហើយភ្លាត់របូតដោយគ្រាប់ប៉េណាល់ទី ១ គ្រាប់ ទៅទៀត។

គួរជម្រាបឱ្យដឹងផងដែរថាការប្រកួតរវាងម្ចាស់ផ្ទះភ្នំពេញក្រោន និង SHAN UNITED នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិ(អូឡាពិក) សំបុត្រមានដាក់លក់ក្នុង APP និង Website LIVE. ៕
• ទិញតាម APP LIVE.៖ https://wonderpass.asia/event/afc_cup_2023_2024
• ទិញតាម WEBSITE LIVE.៖ https://live.wonderpass.asia


