ក្លិបភ្នំពេញក្រោននឹងត្រូវចាប់ឆ្នោត AFC CUP 2023/24 វគ្គ Knockout Stage នៅថ្ងៃស្អែក
ពិធីចាប់ឆ្នោតជាផ្លូវការសម្រាប់វគ្គ Knockout Stage នៃពានរង្វាន់ AFC Cup™ 2023/24 នឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ ទី 28 ខែធ្នូ ឆ្នាំ2023 វេលាម៉ោង 01:00 រសៀល (ម៉ោងនៅកម្ពុជា) ដែលនឹងធ្វើឡើងនៅ AFC House ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។

ជាមួយគ្នានេះ ក្រុមជ័យលាភីទាំងបីក្រុម និងជើងឯករងល្អបំផុតក្នុងតំបន់អាស៊ាន រួមមានក្រុម៖ Macarthur FC របស់អូស្ត្រាលី ក្រុម Sabah FC របស់ម៉ាឡេស៊ី ក្រុម Central Coast Mariners នៃប្រទេសអូស្ត្រាលី និងក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន។ ការប្រកួតនឹងធ្វើឡើងតែមួយជើងប៉ុណ្ណោះនៅថ្ងៃទី 12 ឬ 13 ខែកុម្ភៈ ឆ្នាំ 2024 ។ ការផ្គូផ្គងមានដូចខាងក្រោម៖
ASEAN Zonal Semi-finals
Semi-final 1: Macarthur FC (AUS) v Sabah FC (MAS)
Semi-final 2: Central Coast Mariners (AUS) v Phnom Penh Crown FC (CAM)

សម្រាប់អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Zonal តែមួយជើង នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024 ហើយក្លិបដែលត្រូវធ្វើម្ចាស់ផ្ទះ នឹងត្រូវបានកំណត់ក្នុងអំឡុងពេលនៃការចាប់ឆ្នោត ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់អ្នកឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រតំបន់អាស៊ាន (ASEAN ZONE) នឹងចូលរួមជាមួយក្រុមឈ្នះនៃពូល D, E និង I គឺ Odisha FC របស់ឥណ្ឌា, FK Abdysh-Ata នៃសាធារណរដ្ឋ ជីគីស្ថាន និង Taichung Futuro FC របស់ចិនតៃប៉ិ ការប្រកួតនឹងធ្វើឡើងពីរជើងក្នុងទឹកដី និងក្រៅដី៕
Photo credit: AFC


