តោះមកដឹងពីរឿងរ៉ាវការប្រកួត Cambodian Premier League សប្ដាហ៍ទី១៧

Admin
16 Jan 2024 10:03
604

ការប្រកួតបើកឆាកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍បានបញ្ចប់ទៅត្រឹមលទ្ធផល ១ទល់១ ដោយ១គ្រាប់របស់ណាហ្គាវើលដ៍កើតពីគ្រាប់ Own Goal របស់កីឡាករលេខ២៣​ SRAYUT SOMPIM នាទីទី55' និងគ្រាប់បាល់ស្មើរដោយកីឡាករលេខ១០ ញាណ សុស៊ីដាន់ នាទីទី66'​ ហើយក្រុមទាំង២ព្យាយាមសម្រុកគ្នាទៅមកដែរតែមិនមានគ្រាប់បាល់កើតឡើងបន្ថែមនោះទេ​បានបញ្ចប់ទៅចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។

ការប្រកួតថ្ងៃសៅរ៍ ទី១៣ មាន២គូគួរឱ្យចាប់អារម្មណ៍ផងដែរគឺមួយគូនៅលើទឹកដី ខេត្តសៀមរាប ក្នុងជំនួបរវាងអង្គរថាយហ្គឺរទទួលក្រុមវិសាខា នាកីឡដ្ឋានហនុមាន​ ដឹកនាំការប្រកួតដោយលោកអជ្ញាកណ្ដល ជួប វិសាល មានការសុតបញ្ចូលទីគ្នារហូតដល់៧គ្រាប់ និងកើតឡើងកាតលឿងរហូតដល់ ៨កាត ដោយក្រុមទាំង២ព្យាយាមសម្រុកគ្នារហូតដល់ 99’នាទី ចុងក្រោយអង្គរថាហ្គឺរ បានចាញ់វិសាខាដោយលទ្ធផល ៤ទល់៣

និងមួយគូទៀតនៅឯទឹកដី ខេត្តតាកែវ ក៏មាន៤គ្រាប់កើតឡើងផងដែរ ដោយគិរីវង់សុខសែនជ័យចាញ់ព្រះខ័នរាជស្វារៀង ០ទល់៤ នេះជាលើកដំបូងហើយដែលក្រុមគិរីវង់សុខសែនជ័យចាញ់រហូតដល់៤គ្រាប់ក្នុងដីខ្លួនឯង កន្លងមកចាញ់ត្រឹម៣គ្រាប់ប៉ុណ្ណោះជាមួយក្រុមអង្គរថាយហ្គឺរ ខណៈដែលកីឡាករកូនកាត់ខ្មែរ-អាមេរិច TAYLOR DOEUNG NICOLAS រកបានគ្រាប់បាល់ដំបូងក្នុងរយៈពេល១៧ប្រកួត ម្យ៉ាងវិញទៀតការប្រកួតដឹកនាំដោយលោកអជ្ញាកណ្ដល ជួន ងួនហុង មិនបានចាយកាតលឿង ឬ ក្រហម សូម្បី១សន្លឹក។

ចំណែកសម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី១៤ មាន១គូវេលាម៉ោង 3:45 នាទីរសៀល លើទឹកដី ខេត្តព្រៃវែង រវាងក្រុមខេត្តព្រៃវែង ទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន ដឹកនាំដោយលោក ថន​ ថាវ័ន្ដ បានបញ្ចប់ទៅដោយភ្នំពេញក្រោនយកឈ្នះព្រៃវែងដោយលទ្ធផល ៣ទល់០ និងមិនមានកាតលឿង ឬ កាតក្រហម​ នោះទេ

ចំណែកការប្រកួតការប្រកួតគូធំប្រចាំសប្ដាហ៍ទី១៧ បឹងកេត សងសឹក អាយអេសអាយដង្កោសែនជ័យបានសម្រេច ដោយយកឈ្នះក្នុងលទ្ធផល ៤ទល់១ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (អូឡាំពិជ) និងការប្រកួតដឹកនាំដោយលោក ហោ ប៊ុនថង មានសម្រុកគ្នាយ៉ាងខ្លាំងផងដែរដោយកើតឡើងកាតលឿងចំនួន៣ ផងដែរ បន្ទាប់ពីបឹងកេតឈ្នះអាយអេសអាយ ធ្វើឱ្យតំបន់ TOP4 កាន់តែប្រកួតប្រជែងគ្នាខ្លាំង និង បានទម្លាក់អាយអេសអាយដង្កោសែនជ័យពីលេខ៤ មកលេខ៥ វិញ។

គួរឱ្យដឹងផងដែរឆ្លងកាត់ការប្រកួត១៧សប្ដាហ៍កន្លងទៅ ព្រះខ័នរាជស្វារៀង នៅតែឈរកំពូលតារាង មាន ៤៣ពិន្ទុ ដេញតាមពីក្រោយដោយភ្នំពេញក្រោនមាន៣៩ ពិន្ទុ លេខ៣វិសាខាមាន ២៩ពិន្ទុ និងលេខ៤ បឹងកេតមាន ២៤ពិន្ទុ៕