ស្វាយរៀងបន្ដឈរកំពូលតារាង ខណៈ បឹងកេតឡើងទៅឈរ Top4 សប្តាហ៍ទី២០
ការប្រកួតដ៏ធំប្រចាំសប្ដាហ៍ទី២០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ពិតជាជក់ចិត្ត ស្វិតស្វាញដោយ ព្រះខ័នរាជស្វាយរៀង បានឈ្នះ ភ្នំពេញក្រោន ៣ទល់២ លើទឹកដីខេត្តស្វាយរៀងក្រោមទស្សនិជន ៤០៦៨នាក់។

ការប្រកួតបានសម្រុកគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត កីឡាករ SHIMIZU SHINTARO សុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងឱ្យភ្នំពេញក្រោននៅនាទីទី 22’ និង 57’ ចំណែកឯ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករសញ្ជាតិកម្ពុជា សារ៉េត គ្រីយ៉ា នៅនាទីទី 45+3 , Ryo Fuji 68’ និងកីឡាករសញ្ជាតិឡាវ BOUNPHACHAN រកគ្រាប់ជ័យជម្នះនៅនាទីទី 85’ ។

ខណៈដែលបឹងកេត ឡើងទៅឈរកៅអី Top4 ជាថ្មីក្រោយយកឈ្នះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥ទល់២ ស្របពេលដែល ISI ដង្កោសែនជ័យ ស្មើរជាមួយ ព្រៃវែង ១ទល់១។

គួរឱ្យដឹងផងដែរឆ្លងកាត់ការប្រកួត២០សប្ដាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង មាន ៥០ពិន្ទុ ដេញតាមពីក្រោយដោយភ្នំពេញក្រោនមាន ៤៥ពិន្ទុ លេខ៣វិសាខាមាន ៣៥ពិន្ទុ ខណៈដែលបឹងកេតឡើងមកលេខ៤ មាន២៨ពិន្ទុស្មើរជាមួយ ISI ៕


